កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក

នាថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាប្រធានក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក នៃក្រសួង ប.ទ. បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកដោយមានការចូលរួមពី​ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក), អនុប្រធាននិងសមាជិកក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកនៃក្រសួងទាំងពីរ, វិទ្យាស្ថានជាតិ NIPTICT និងតំណាងក្រុមហ៊ុន Sabay។

នេះជាលើកទីបីហើយ ដែលក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកនៃក្រសួង ប.ទ. និងក្រសួង អ.យ.ក. បានប្រជុំ ពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយទៅលើការ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក។ ជាក់ស្តែង បន្ទាប់ពីមានការរីករាលដាលនៃជម្ងឺ COVID-19, សិស្សានុសិស្សត្រូវបានតម្រូវឱ្យសិក្សាតាមរយៈប្រព័ន្ធអេឡិកត្រូនិក។ នាពេលកន្លងមកនេះ ក្រសួង អប់រំ យុវជន និងកីឡា បានជួបប្រទេះបញ្ហាប្រឈមមួយចំនួនជាអាទិ៍ ក្រសួងមិនអាចកំណត់ពីអត្តសញ្ញាណសិស្សចូលរៀន, មាតិកាព័ត៌មានមិនប្រមូលផ្តុំ និងភាពរអាក់រអួលនៃអ៊ិនធឺណិត។

បន្ទាប់ពីសិក្សាលើលក្ខខណ្ឌបច្ចេកទេស និងតម្រូវការជាក់ស្តែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសិស្សានុសិស្ស, ជាលទ្ធផល e-Learning app ត្រូវបានអភិវឌ្ឍឡើងដើម្បីដោះស្រាយលើបញ្ហាខាងលើ។ e-Learning app នេះមានគោលដៅចម្បងៗដូចខាងក្រោម៖
១. ផ្តល់ជូននូវ platform ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចចុះឈ្មោះដើម្បីទទួលបានមេរៀនទៅតាមកម្រឹតថ្នាក់នីមួយៗ នៃសិស្សម្នាក់ៗច្បាស់លាស់
២. ពន្លឿនល្បឿន Download និងកាត់បន្ថយការចំណាយថ្លៃសេវាអ៊ិនធឺណិតតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដែលមានតំណតភ្ជាប់ផ្ទាល់ជាមួយនឹងប្រតិបត្តិករទូរគមនាគមន៍ធំៗក្នុងស្រុក និងប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត (ISP) និង
៣. អនុញ្ញាតឱ្យក្រសួង និងសាលារៀនទទួលបាននូវស្ថិតិសិស្សដែលចូលទៅប្រើប្រាស់មាតិកាព័ត៌មានពី e-Learning app ដើម្បីអាចឱ្យក្រសួង និងសាលារៀនអាចមានផែនការភ្លាមៗដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរក្នុងការសិក្សា។
e-Learning app នេះតម្រូវឱ្យសិស្សានុសិស្សចុះឈ្មោះជាមុន ដើម្បីអាចចូលទៅប្រើប្រាស់មាតិកាព័ត៌មាន។ កម្មវិធីនេះ កំណត់ជាមុខវិជ្ជា, មេរៀន, ការទាញយកមេរៀនជាវីដេអូ (Video Download), ការមើលមេរៀន (View Lesson), និងទទួលបានការជូនដំណឹងនៅពេលដែលមេរៀនថ្មីត្រូវបានបញ្ចូល។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ក្នុងនាមឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈវិទ្យាស្ថានជាតិ NIPTICT បានសហការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Sabay រៀបចំអភិវឌ្ឍកម្មវិធី e-Learning App ឡើងក្នុងគោលបំណងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាដើម្បីសម្រួលដល់ការផ្តល់សេវាអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ ឯកឧត្តម ជឿជាក់ថា ការសិក្សាតាមរយៈប្រព័ន្ធអេឡិកត្រូនិកនេះ នឹងចូលរួមចំណែកក្នុងការផ្លាស់ប្តូរវិធីសាស្ត្រសិក្សាថ្មីសម្រាប់សិស្សានុសិស្ស ក៏ដូចជាផ្ស៊ាំខ្លួនទៅនឹងបច្ចេកវិទ្យាឌីជីថលផងដែរ។ លទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនិងភាគីពាក់ព័ន្ធលើកិច្ចការទាំងនេះ ចូលរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាព (ចតុកោណទី១ អំពី ការអភិវឌ្ឍធនធានមនុស្ស)។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានសហការយ៉ាងជិតស្និតក្នុងការដោះស្រាយបញ្ហាប្រឈមដែលក្រសួង អប់រំ យុវជន និងកីឡា បាននិងកំពុងជួបប្រទេះជាអាទិ៍ សម្របសម្រួលជាមួយប្រតិបត្តិករទូរគមនាគមន៍លើតម្លៃនិងល្បឿនអ៊ិនធឺណិត និងអភិវឌ្ឍកម្មវិធី e-Learning App នេះចេញជារូបឡើង។

ជាមួយគ្នាផងដែរ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Sabay ដែលបានសហការជាមួយវិទ្យាស្ថានជាតិ NIPTICT និងក្រសួងទាំងពីរ ក្នុងការអភិវឌ្ឍកម្មវិធីនេះឡើង។

គួរបញ្ជាប់ផងដែរថា កម្មវិធី e-Learning App នេះនឹងត្រូវបានដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីទាំងពីរដើម្បីពិនិត្យនិងសម្រេច មុននឹងដាក់ឱ្យដំណើរការសាកល្បងជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។