កិច្ចប្រជុំពិគ្រោះយោបល់អំពី e-Learning Platform

នាថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាប្រធានក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក នៃក្រសួង ប.ទ. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី e-Learning platform ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក), អនុប្រធាននិងសមាជិកក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកនៃក្រសួងទាំងពីរ, វិទ្យាស្ថានជាតិ NIPTICT, តំណាងប្រតិបត្តិករទូរគមនាគមន៍, ប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត និងតំណាងក្រុមហ៊ុន Sabay។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ក្នុងនាម ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្នើសុំ កិច្ចសហការពីប្រតិបត្តិករទូរគមនាគមន៍ និងប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត ដើម្បីទទួលបានកញ្ចប់សេវាអ៊ិនធឺណិតដោយមិនគិតថ្លៃក្នុងអំឡុងពេលវិបត្តិនៃជម្ងឺកូវិត១៩ ក្នុងគោលដៅបម្រើដល់ e-Learning platform សម្រាប់សិស្សានុសិស្សនៅតាមវិទ្យាល័យដែលស្ថិតនៅតាមតំបន់ជនបទនិងតំបន់ដាច់ស្រយាលដែលទទួលបានសេវាអ៊ិនធឺណិតមានកម្រិត និងដើម្បីប្រមូលធាតុចូលបន្ថែមក្នុងការកែលម្អលើកម្មវិធី e-Learning platform ដែលត្រូវបានសហការអភិវឌ្ឍនាពេលកន្លងមករវាងវិទ្យាស្ថានជាតិ NIPTICT និងក្រុមហ៊ុន Sabay។

គួរបញ្ជាប់ផងដែរថា e-Learning platform នេះនឹងត្រូវដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យនិងសម្រេច មុននឹងដាក់ឱ្យដំណើរការសាកល្បងជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។